News

ពិព័រណ៍ស្នាដៃសិល្បករវ័យ​ក្មេង​របស់អង្គ​ការ​យូណេស្កូ៖ សេច​ក្តីអំពាវនាវឲ្យ​មាន​ការ​ចូល​រួម​ពី​ស្នាដៃសិល្បៈទូទាំងពិភពលោក!

ជម្ងឺ​រាតត្បាត COVID-១៩ បានបង្កើត​ឲ្យ​មាន​បញ្ហាប្រឈមថ្មីៗជាច្រើនសម្រាប់មាតា​បិតា​ និង​អា​ណា​ព្យាបាលរបស់កុមារ ដែលខក​ខាកមិន​អាច​ទៅ​រៀន​នៅ​សាលា​អស់​មួយ​រយៈពេល​មក​ហើយ។ ប៉ុន្តែការស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​បែប​នេះ​ ​ក៏​អាច​ជា​ឱកាស​ថ្មី​មួយ​ទៀត​​សម្រាប់​​ការរៀនសូត្រ ការច្នៃប្រឌិត និងរបកគំ​ហើញ​ថ្មីៗ​ផងដែរ។

ដើម្បីលើកទឹកចិត្តដល់ការងារ​ច្នៃប្រឌិតទាំង​នេះ​ អង្គ​ការ​យូណេស្កូ​សូម​អញ្ជើញ​កុមារ​ទូ​ទាំង​ពិ​ភព​លោក​ ដែល​មាន​អាយុពី ៦ ដល់ ១២ ឆ្នាំ​ ឲ្យ​ចូល​រួម​គូររូបអំ​ពី​បេតិក​ភណ្ឌ​ពិភព​លោក​របស់អង្គ​ការ​យូណេស្កូ​ ដែលមានសារៈសំខាន់​សម្រាប់​ពួកគេ​ ចាប់ពីពេលនេះរ​ហូត​ដល់​ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២០។ រូបគំនូរ​អាច​ជាតំបន់​បេតិកភណ្ឌពិភពលោក​ ដែល​មាន​នៅ​ក្នុងសហគមន៍របស់ពួកគេ ដែលពួក​គេ​ទើប​បាន​ទៅ​លេង​ជាមួយ​គ្រួ​សារ​របស់​ពួក​គេ​ក្នុង​ពេល​ថ្មីៗនេះ ឬកន្លែងណា​មួយ​ ដែលពួកគេបានឃើញនៅក្នុងសៀវភៅ នៅ​ក្នុង​ភាព​យន្ត​ ឬ​ក្នុង​កម្មវិធីទូរទស្សន៍ផ្សេងៗ។ ដើម្បីស្វែងយល់​បន្ថែមអំពីរឿងរ៉ាវ​ផ្សេងៗ​នៅតាម​​តំបន់​បេតិក​ភណ្ឌពិភពលោកនីមួយៗ ប្អូនៗក៏​អាចចូល​បើក​មើល​បញ្ជីបេតិកភណ្ឌពិភព​លោក​ (World Heritage List) ដែល​មាន​នៅ​លើ​​គេហ​ទំព័ររបស់​អង្គ​ការ​​យូណេស្កូ។

អង្គ​ការ​យូណេស្កូ​នឹងធ្វើ​ការ​ដាក់​​តាំង​បង្ហាញនូវ​ស្នា​ដៃ​គំនូរមួយ​ចំ​នួន​ ដែល​បាន​ជាប់​ជម្រើស​ខាង​ផ្នែក​សោ​ភណ​ភាព​សិល្បៈ ប្លែក​ជាង​គេ  និង​ប្រកប​ដោយ​ភាព​ចម្រុះគ្នា នៅលើ​គេហ​ទំព័ររបស់​អង្គ​ការ​យូណេស្កូ។

ការចូលរួមរបស់​កុមារទាំង​អស់​ទាម​ទារ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​មាតា​បិតា​ ឬអាណា​ព្យា​បាល ហើយត្រូវ​ផ្សព្វ​ផ្សាយនៅលើ​គណនី Instagram របស់ពួកគេ​ ក្នុងនាមកុមារ​ដែល​ត្រូវ​ចូលរួមក្នុង​កម្ម​វិធី​នេះ។ ដើម្បីទទួលបានសិទ្ធិចូល​រួម គណនី Instagram ដែល​ត្រូវផ្សព្វ​ផ្សាយ​ត្រូវដាក់​ជា​ “សាធារណៈ (Public) ” បែបនេះ​ទើប​អង្គការយូណេស្កូអាចមើលឃើញ។

 

វិធីចូលរួម

១. ចូល “​follow” កម្ម​វិធី Instagram របស់​អង្គ​ការយូណេស្កូ។

២. ចុច “ចូលចិត្ត (Like)” នៅ​លើ “UNESCO Little Artists Exhibition Call”។

៣. ផុសរូបស្នា​ដៃ​សិល្បៈរបស់​ខ្លួន និងអត្ថ​បទពិពណ៌នាខ្លីៗ​អំ​ពី​ស្នាដៃសិល្បៈ ដែលបាន​យក​គំនិតពី​គេហទំព័ររបស់​បេតិកភណ្ឌពិភពលោក នៅលើ Instagram របស់​ខ្លួន ដោយ​មាន​ដាក់​​ឈ្មោះ អាយុ និងប្រទេសរបស់សិល្បករ ដោយ hashtag ឲ្យ #ShareOurHeritage និង​ថេក ​(tagging) ឲ្យ @unesco ។

៤. ចែករំលែក (Share) សេច​ក្តី​ប្រកាសរបស់អង្គ​ការ​យូ​ណេ​ស្កូ “UNESCO Little Artists Exhibition Call” នៅ​ក្នុង​ “story” នៃ Instagram របស់​ខ្លួន ដោយ hashtag ឲ្យ #ShareOurHeritage និង​ថេក ​(tagging) ឲ្យ @unesco ។

យើងសង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមនេះកុមារទូ​ទាំង​ពិភព​លោក​នឹងអាចបង្ហាញ​គំនិតច្នៃប្រឌិតរបស់ពួកគេក្នុងគ្រាដ៏លំបាកនេះ ​ហើយអាច​ស្វែងយល់​បន្ថែម​អំពី​បេតិកភណ្ឌ​​ វប្ប​ធម៌ដ៏អស្ចារ្យរបស់ពិភពលោក។ អ្នក​គ្រូ លោកគ្រូ រួមទាំងសមាជិកទាំង​អស់នៃបណ្តាញ UNESCO Associated Schools Network​ នឹងចូល​រួម​គាំ​ទ្រ​ និងចែករំលែក​គំនិត​ផ្តួច​ផ្តើម​នេះ​នៅ​ក្នុង​បណ្តាញរបស់ខ្លួន។ អ្នក​ទាំង​អស់​គ្នា​អាច​ចូល​មើល​កម្ម​វិធី​ “ដំណើរផ្សងព្រេង​នៅ​តាម​បេតិកភណ្ឌពិភព (Patrimonito's World Heritage Adventures) ” ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេ​ហទំព័ររបស់​អង្គ​ការយូណេស្កូផងដែរ។